
[រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦] – ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បន្តទទួលបានការកោតសរសើរខ្ពស់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការរក្សានូវ អនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល ៨ ឆ្នាំជាប់ៗគ្នា និងជាប់ចំណាត់ថ្នាក់លេខ ១៧៨ ជាអ្នកបង់ពន្ធច្រើនជាងគេបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៥។
យោងតាមលិខិតសរសើរពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមិទ្ធផលនេះបានបញ្ជាក់ថា GGEAR Group គឺជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

មោទនភាពនេះមានមូលដ្ឋានគ្រឹះចេញពីយុទ្ធសាស្ត្រ «ដើរលើផ្លូវត្រូវ» ដែលថ្នាក់ដឹកនាំក្រុមហ៊ុនបានប្រកាន់ខ្ជាប់តាំងពីថ្ងៃដំបូង។ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGEAR Group បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់នូវសច្ចធម៌ និងការមិនគេចវេសពន្ធ គឺជាតម្លៃស្នូលដែលក្រុមហ៊ុនបានបណ្ដុះបណ្ដាលដល់បុគ្គលិកទាំងអស់ ឱ្យអនុវត្តតាមបទដ្ឋានប្រតិបត្តិ (SOP) ប្រកបដោយតម្លាភាព និងវិជ្ជាជីវៈខ្ពស់។

ទោះបីជាស្ថិតក្នុងស្ថានភាពទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង GGEAR Group នៅតែប្តេជ្ញាចិត្តជម្នះគ្រប់ឧបសគ្គដើម្បីធ្វើរឿងដែលត្រឹមត្រូវ និងបន្តពង្រីកខ្លួនទៅមុខទៀតបន្តទៀត ក្រោមទស្សនវិស័យ «រីកចម្រើនជាមួយគ្នា» (Growing Together) ដើម្បីជាប្រយោជន៍ដល់អតិថិជន និងសង្គមជាតិទាំងមូល។

អំពីក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) ក្រុមហ៊ុនខ្មែរឈានមុខគេក្នុងការចែកចាយផលិតផលអេឡិចត្រូនិច និងសេវាកម្មកម្រិតស្ដង់ដារអន្តរជាតិ ដែលប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ និងតម្លាភាព៕







